Wednesday, February 27, 2019

តើអ្វីទៅជា Fintech? តើ​វា​កំពុងផ្លាស់ប្តូរពិភពលោក និងកម្ពុជាដោយរបៀបណា?

ពិភពលោកយើងពេលនេះកំពុងតែ​បោះ​ជំហ៊ាន​​ទៅមុខ​ទៅកាន់ពិភពលោកមួយ​ដែលពោរពេញ​ទៅ​​ដោយបច្ចេកវិទ្យាដែលមានវត្តមាននៅជុំវិញខ្លួន និងចូលរួមស្ទើរ​តែគ្រប់សកម្មភាព​របស់​មនុស្ស​ហើយ។ វិស័យផ្សេងៗនៅក្នុងពិភពលោកដែលធ្លាប់ដើរ និងដំណើរការប្រើប្រាស់កម្លាំងមនុស្ស ក៏​កំពុង​​ត្រូវ​បាន​ជំនួស​ឱ្យ​ដោយ​​​ប្រព័ន្ធអ៊ីនធឺណែត និងរបកគំហើញថ្មីៗផងដែរ។ តួយ៉ាងដូចជាអ្វី​ដែល​​​ពិភពលោក កំពុងតែយកចិត្តទុកដាក់មួយនេះជាដើម។ ក្រុមហ៊ុនសារព័ត៌មាន និងអ្នកសិក្សា​ជា​ច្រើនបានងាកមកចាប់អារម្មណ៍ទៅលើបច្ចេកវិទ្យានេះ។


តើអ្វីទៅជា Fintech? ហេតុអ្វីបានជាគេចាប់អារម្មណ៍ជាមួយនឹង​បច្ចេកវិទ្យា​នេះ​ខ្លាំងណាស់? Fintech​​​ ​គឺជាពាក្យកាត់មួយនៃភាសាអង់គ្លេស ដែលមានពាក្យពេញថា Financial Technology ឬបក​ប្រែ​មកថា បច្ចេកវិទ្យាហិរញ្ញាវត្ថុ។ បើនិយាយ​ឱ្យ​ស្រួលស្តាប់ទៅ​គឺ​ថា​ ពាក្យថា Fintech នេះចង់​សម្តៅ​​​ទៅ​លើការ​រួម​បញ្ចូល​នូវ​បច្ចេកវិទ្យាទៅក្នុងវិស័យហិរញ្ញវត្ថុ។ សព្វថ្ងៃ ​ធនាគារ​ឬអាជីវកម្ម​ជា​ច្រើន​ដែលបានសាកល្បង ឬកំពុងដំណើរការជាមួយនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech)​នេះ​ មិន​ថា​តែ​នៅ​ប្រទេស​អភិវឌ្ឍន៍​ខ្លាំង​ និង​ប្រទេស​កម្ពុជា​យើងទេ ក្រោមរូបភាពជាការបង់ថ្លៃទំនិញ សេវា​កម្ម ឬការប្រើប្រាស់សេវាកម្មធនាគារតាមប្រព័ន្ធទូរស័ព្ទជាដើម។

​បច្ចេកវិទ្យា​ Fintech កំពុង​តែ​ទទួល​បាន​​ការ​ពេញ​និយម​ក្នុង​ការ​ប្រើប្រាស់​ច្រើន​ ដោយសារតែវា​មាន​ភាព​ងាយស្រួល សន្សំពេលវេលា ផ្តល់សុវត្ថិភាពសាច់ប្រាក់ និងអាចប្រើប្រាស់បានមិនថាយប់ ឬថ្ងៃ ឬ​ទីកន្លែង​ណានោះទេ។ ​Fintech ត្រូវបាន​​ប្រើប្រាស់​នៅក្នុង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ជាច្រើន​ដូចជា​៖ ការធានារ៉ាប់រង (Insurance) ការទូទាត់​ថ្លៃទំនិញ និង សេវា (Payments of Goods and Services) ការដាក់​ប្រាក់​បញ្ញើ និង ការផ្តល់​កម្ចី (Deposit & Lending) ការផ្តល់សេវា​ធនាគារ​ចល័ត និង ការ​បូ​ប​អេ​ឡិច​ត្រូ​និ​ច (Mobile Banking & e-Wallets) ជាអាទិ៍​។


ក្នុងប្រទេសកម្ពុជាយើងវិញ ​បច្ចេកវិទ្យា​ Fintech បាន​និង​កំពុង​​ក្លាយជាប្រធានបទមួយ​ដែល​អាជីវ​កម្មជាច្រើនកំពុងតែយកចិត្តទុកដាក់ និងព្យាយាមប្រែខ្លួន​ឱ្យ​​រួមបញ្ចូលជាមួយបច្ចេកវិទ្យា​ ជា​ពិសេស​​ក្នុង​វិស័យ​ធនាគារ​តែម្ដង។ តួយ៉ាងដូចជាធនាគារ ABA ​​ធនាគារអេស៊ីលីដា ​និង​ក្រុមហ៊ុន​ផ្នែក​បម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ​ដូច​ជា​ Wing, Truemoney, AEON…ជា​ដើម ​កំពុង​​ពង្រឹងខ្លួន​ដោយ​យក​ចិត្តទុកដាក់ទៅលើ សេវាកម្មធនាគារ ឌីជីថល ឬសេវាកម្មធនាគារតាមទូរស័ព្ធរបស់ខ្លួន ដោយក្នុង​នោះបានអនុញ្ញាតឱ្យអតិថិជនអាចធ្វើការបង់ប្រាក់ បង់ថ្លៃទឹកភ្លើង ទិញកាតទូរស័ព្ទ ឬផ្ទេរ និង​ទទួល​ប្រាក់ពីគ្នាបានដោយមិនចាំបាច់ទៅដល់កន្លែងមួយៗផ្ទាល់ៗនោះទេ។ អ្វីដែលពួកគេត្រូវការ គឺមានតែទូរស័ព្ទនិងអ៊ិនធឺណែតទៅជាការស្រេច ដោយមិនចាំបាច់កាន់ក្រដាសប្រាក់សុទ្ធក្នុងដៃ ក៏អាចទិញទំនិញបានដោយងាយ។​ 

ក្រៅពីធនាគារ នេះក៏មាននៅក្នុងអាជីវកម្មផ្សេងៗទៀតដែរ ដូចជាការបញ្ជាទិញ និងបង់ថ្លៃ​សម្លៀក​បំពាក់ ចំណីអាហារ សំបុត្រឡាន ឬហៅតាក់ស៊ី តាមទូរស័ព្ទទៀតផង។ ការរីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​​នូវ​ការប្រើប្រាស់ Fintech នៅ​កម្ពុជា គឺ​ដោយសារតែ​ភាព ពេញនិយម​ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​យុវវ័យ ក៏ដូចជា​ពាណិជ្ជករ​ផងដែរ​។


ប៉ុន្តែទន្ទឹមនឹងភាពងាយស្រួលដែល ផ្តល់ឱ្យដល់មនុស្សសម័យថ្មីនេះមានច្រើនបែបនេះក៏ពិតមែន នៅមានការបារម្ភមួយចំនួនផ្សេងទៀតដែលគួរឱ្យយកចិត្តទុកដាក់ផងដែរ ព្រោះនៅ​ក្នុងពេល​បច្ចុប្បន្ន​មានក្រុមឆ្លៀតឱកាសជាច្រើនបានព្យាយាមលួចលុយ ឬលួច​ព័ត៌មាន​ផ្ទាល់ខ្លួន​ជាច្រើន​តាម​រយៈ​ប្រព័ន្ធអ៊ិនធឺណែត ដែលបញ្ហានេះអាចជារឿង​ឈឺក្បាលមួយរបស់អ្នក​ដែលចូលចិត្តប្រើ​ប្រាស់​​ការគិតគូរសាច់ប្រាក់តាមទូរស័ព្ទដៃ។

ឬ​ឯមតិរបស់មួយចំនួនទៀត​​បានលើកឡើងថា អាជីវកម្មដែលប្រើប្រាស់នេះ ខ្លះមិនបាន​ឆ្លងកាត់​ការ​ត្រួតពិនិត្យ ឬប្រកាន់​ខ្ជាប់​នូវ​​គោលការណ៍ប្រទេសត្រឹមត្រូវ​ ដែលហេតុនេះហើយទើប​ជាពេល​អាចនឹង​ធ្វើឱ្យអាជីវកម្មទាំងនោះអាចធ្វើអ្វីតាមតែអំពើចិត្ត និងអាចឈាន​ទៅដល់ការធ្វើ​រឿងខុស​ច្បាស់ ដូចជាការកាត់លុយអ្នកប្រើប្រាស់ជាដើម។​​ទោះជាយ៉ាងណាក៏ដោយ​ អ្នកជំនាញ​ជា​ច្រើន​បានប្រមើលមើលថា ការធ្វើបដិវត្តន៍វិស័យហិរញ្ញវត្ថុរួម​បញ្ចូលជាមួយនឹងបច្ចេកវិទ្យានេះ​គឺជា​រឿង​ជៀសមិនផុតនោះទេ ដូច្នេះហើយដើម្បីសុវត្ថិភាពសាច់ប្រាក់ និងបង្កើនទំនុក​ចិត្តដល់អ្នក​ប្រើ​ប្រាស់​​ឱ្យកាន់តែច្រើន​រដ្ឋាភិបាលមានទំនួលខុស​ត្រូវយ៉ាងខ្ពស់បំផុត​នៅក្នុងការសម្រេច​លើ​ចំនុច​មួយនេះ៕

ដោយ៖ សុខា វត្តី​ From BizKhmer

No comments:

Post a Comment