ធនាគារពិភពលោក World Bank នៅថ្ងៃទី២៩ ឧសភានេះ ទើបតែបានចេញផ្សាយរបាយការណ៍ថ្មីមួយស្តីពី បច្ចុប្បន្នភាពសេដ្ឋកិច្ចចុងក្រោយសម្រាប់ប្រទេសកម្ពុជា។ នៅក្នុងរបាយការណ៍ដែលមានចំណងជើងថា «កម្ពុជានៅក្នុងកាលៈទេសៈមានវិបត្តិកូវីដ១៩» (Cambodia in the Time of COVID-19) ធនាគារពិភពលោកបានលើកឡើងថា ការអភិវឌ្ឍរបស់កម្ពុជាក្នុងពេល៣០ឆ្នាំមកនេះកំពុងរងការគំរាមកំហែងខ្លាំងបំផុតពីការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយថា ក្នុងស្ថានភាពនេះ ភាពក្រីក្រក្នុងឆ្នាំ២០២០ អាចនឹងកើនឡើងពី ៣ ទៅ ១១ ភាគរយ ដែលខ្ពស់ជាងកម្រិតនៅខ្សែបន្ទាត់គោល ឬអាចនិយាយបានម៉្យាងទៀតថា កម្រិតនៅពេលដែលគ្មានជំងឺកូវីដ១៩។
ការរាតត្បាតនៃជំងឺកូវីដ-១៩ កំពុងបង្កការប៉ះទង្គិចយ៉ាងដំណំ ទៅលើក្បាលម៉ាស៊ីនសំខាន់ៗសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងឆ្នាំ២០២០នេះ។ ក្នុងនោះមានវិស័យទេសចរណ៍, ឧស្សាហកម្មនាំចេញ និងផ្នែកសំណង់ជាដើម ដែលទាំងអស់នេះ តំណាងឱ្យជាង ៧០ភាគរយ នៃកំណើនសេដ្ឋកិច្ច និងផ្តល់ការងារមានកម្រៃប្រមាណជា៤០ភាគរយ នៃការងារសរុបរបស់ប្រទេស។ដោយសារមូលហេតុនេះហើយ នៅក្នុងឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានគេរំពឹងទុកថា នឹងមានល្បឿនយឺតបំផុតមិនដែលធ្លាប់ជួបប្រទះ តាំងពីឆ្នាំ១៩៩៤មក ដោយវានឹងថមថយរហូតដល់រវាង -1 និង -2.9 ភាគរយ។ នេះបើតាមការឱ្យដឹងពីរបាយការណ៍ ស្តីពី «កម្ពុជានៅក្នុងកាលៈទេសៈមានវិបត្តិកូវីដ-១៩» (Cambodia in the Time of COVID-19) ដែលជារបាយការណ៍របស់ធនាគារពិភពលោក ស្តីពី បច្ចុប្បន្នភាពសេដ្ឋកិច្ចចុងក្រោយ សម្រាប់ប្រទេសកម្ពុជា ចេញផ្សាយនៅថ្ងៃទី ២៩ឧសភានេះ។
បើតាមធនាគារពិភពលោក នៅក្នុងស្ថានភាពនេះ ភាពក្រីក្រនៅកម្ពុជាក្នុងឆ្នាំ២០២០ អាចនឹងកើនឡើងពី ៣ ទៅ ១១ ភាគរយ ដែលខ្ពស់ជាងកម្រិតនៅខ្សែបន្ទាត់គោល ឬនិយាយបានម៉្យាងទៀតថា កម្រិតនៅពេលដែលគ្មានជំងឺកូវីដ-១៩។ ពិសេសក្នុងចំណោមក្រុមគ្រួសារដែលពាក់ព័ន្ធជាមួយវិស័យសំខាន់ៗ មានជាអាទិ៍ វិស័យទេសចរណ៍, សំណង់, ពាណិជ្ជកម្ម, ឧស្សាហកម្មផលិត, និងឧស្សាហកម្មកាត់ដេរ ប្រសិនបើពួកគេបាត់បង់ចំណូលអស់៥០ភាគរយ សម្រាប់រយៈពេលប្រាំមួយខែជាប់ៗគ្នា។ ជាមួយគ្នានេះឱនភាពសារពើពន្ធ នឹងមានកម្រិតខ្ពស់បំផុត ដែលមិនធ្លាប់មាន ក្នុងកំឡុងពេល២២ឆ្នាំកន្លងមកនេះ។
របាយការណ៍របស់ធនាគាពិភពលោកក៏បានលើកឡើងទៀតថា ការដួលរលំនៃកម្លាំងសំខាន់ៗសម្រាប់ជំរុញកំណើនបានប៉ះទង្គិចយ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ច និងធ្វើឱ្យការងាររបស់មនុស្សយ៉ាងហោចណាស់ ១.៧៦ លាននាក់ ស្ថិតក្នុងហានិភ័យ។របាយការណ៍នេះក៏បានព្រមានដែរថា ការហូរចូលនៃមូលធនមកពីក្រៅប្រទេសក៏កំពុងតែស្តួចស្តើងទៅៗដែរ ដែលតាមរយៈនេះ វានឹងញ៉ាំងឱ្យតម្លៃនៃទីផ្សារអចលនទ្រព្យស្រុតចុះ ហើយទំនងជានឹងឈានទៅបញ្ចប់ការរីកលូតលាស់យ៉ាងរហ័សនៃវិស័យសំណង់ទៀតផង។ កម្ចីមិនដំណើរការ(កម្ចីខូច) ត្រូវបានរំពឹងថា នឹងអាចមានទំហំកាន់តែធំឡើង ក្នុងពេលដែលពុំទាន់មានការទូទាត់សងឥណទានបច្ចុប្បន្ន ដែលត្រូវបានធ្វើកន្លងមកចំពោះវិស័យសំណង់, អចលនទ្រព្យ និងការលក់-ទិញ លំនៅឋាន តាមរយៈការបង់រំលស់ជាដើម។
យ៉ាងណាក្តី ជាការឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩នេះ របាយការណ៍បានស្នើឡើងនូវអនុសាសន៍គោលនយោបាយមួយចំនួន សំដៅជួយជាបន្ទាន់ជំនួយសេដ្ឋកិច្ចនិងការពារសុខភាពសាធារណៈ ស្តារឡើងសេដ្ឋកិច្ចឲ្យងើបឡើងវិញក្នុងរយៈពេលខ្លី និងជួយពង្រឹងភាពធន់នៃផ្នែកម៉ាក្រូសារពើពន្ធ និងសង្គម នៅក្នុងរយៈពេលមធ្យម។ លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា៖ «វិបត្តិជាសកលដែលបង្កដោយការរាលដាលនៃជំងឺកូវីដ-១៩នេះ បានធ្វើឱ្យមានការប៉ះទង្គិចយ៉ាងដំណំមកលើសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០២០»។ ប៉ុន្តែយ៉ាងណាក្តី លោកស្រីមានប្រសាសន៍បន្ថែមទៀតថា៖«ធនាគារពិភពលោកប្តេជ្ញាចិត្តថានឹងជួយកម្ពុជាក្នុងការជួយដោះស្រាយឱ្យមានប្រសិទ្ធភាពជាមួយវិបត្តិកូវីដ-១៩នេះ និងក្នុងការពង្រឹងសេដ្ឋកិច្ចឱ្យឆាប់ងើបឡើងវិញ និងមានភាពធន់ នាពេលអនាគត»៕
No comments:
Post a Comment